លោក ហ៊ុន សែន ប្រកាសបន្ថែមចំនួនរថយន្ដក្រុងសំរាប់ដឹកអ្នកដំណើរឥតគិតថ្លៃ ចំនួន២រយគ្រឿងនៅឆ្នាំក្រោយ

ខណៈការបោះឆ្នោតជាតិនាខែកក្កដាខាងមុខកាន់តែខិតជិតចូលមកដល់ លោក ហ៊ុន សែន បានចាប់ផ្តើមឃោសនាឲ្យពលរដ្ឋងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោករួចទៅហើយ។

លោក ហ៊ុន សែន ប្រកាសថា លោកនឹងបន្ថែមចំនួនរថយន្ដក្រុងរហូតដល់ទៅ២០០គ្រឿងឯណោះ សំរាប់ដឹកអ្នកដំណើរដោយឥតគិតថ្លៃ ក្នុងពីធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំក្រោយ ប្រសិនបើរកឃើញថា ក្រុមហ៊ុនឯកជនដែលកំពុងរកស៊ីដឹកអ្នកដំណើរសព្វថ្ងៃនៅតែបន្តដំឡើងថ្លៃទៀតនោះ។

ការប្រកាសរបស់លោក ហ៊ុន សែន ដូច្នេះធ្វើឡើងកាលពីម្សិលមិញក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោក ហ៊ុន សែន បានណែនាំអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ថា ត្រូវតែរៀបចំទាំងទីតាំងចំណតរថយន្តក្រុងឲ្យបានសមរម្យ ហើយត្រូវរៀបចំពេលវេលាធ្វើដំណើរឲ្យបានច្បាស់លាស់ ចៀសវាងកុំឲ្យមានបញ្ហាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឧបករណ៍បំពងសម្លេងរបស់លោក ហ៊ុន សែន បានដកស្រង់សម្តីរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះផ្សាយកាលពីថ្ងៃអង្គារថា ចំនួនរថយន្តក្រុងនៅពេលនេះ មានចំនួន៦០គ្រឿង ប៉ុន្តែប្រសិនបើមានតម្រូវការចាំបាច់ លោកនឹងបន្ថែមរថយន្តថែមទៀត។

អភិបាលរាជធានីភ្នំពេញរូបនេះបានជំរុញឲ្យពលរដ្ឋ ដែលធ្វើដំណើរលើរថយន្តក្រុងគឺត្រូវរាយការណ៍បន្ទាន់ ប្រសិនបើមានករណីទាមទារលុយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.