លោក ហ៊ុន សែន ប្រតិកម្មជាថ្មីទៀតចំពោះការអំពាវនាវឲ្យអន្តរជាតិឈប់ទិញទំនិញពីកម្ពុជា

លោកហ៊ុន សែនបានហៅការអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបឈប់ទិញទំនិញ ឬឈប់ផ្តល់ជំនួយមកកម្ពុជានោះ ថា ជាការបោកឆ្នាំងបាយប្រជាជន និងជាទង្វើគ្មានគុណធម៌។

លោកបន្តថា ប្រសិនបើសហគមន៍អន្តរជាតិឈប់ទិញទំនិញពីកម្ពុជាវាមិនមែនធ្វើឲ្យលោកហ៊ុន សែនស្លាប់នោះទេ ប៉ុន្តែកម្មករនឹងស្លាប់ដោយសាររោងចក្រត្រូវបិទទ្វារលែងដំណើរការ។

លោក ហ៊ុន សែន អះអាងថា ក្នុងឆ្នាំ២០១៨នេះ រោងចក្របានកើនឡើងជាង៥០រោងចក្រ ដែលផ្តល់ការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋប្រមាណ៣ម៉ឺនកន្លែង បើប្រៀបធៀបនឹងឆ្នាំ២០១៧ ហើយថា សមិទ្ធផលទាំងនេះ មិនមែនបានមកដោយសារគណបក្សប្រឆាំងនោះ ឡើយ។

ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅចំពោះមុខកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងក្រុងបាវិតខេត្តស្វាយរៀងកាលពីម្សិលមិញ។

ទោះជាយ៉ាងណាក៏ដោយ លោកសម រង្ស៊ី អតីតប្រធានចលនាសង្គ្រោះជាតិ កាលពីថ្ងៃពុធ បានព្រមានថា គណបក្សកាន់អំណាចទៅវិញទេ ដែលបានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញតាមរយៈការរម្លាយគណបក្សសង្គ្រោះជាតិ និង ចាប់មេដឹកនាំគណបក្សនេះដាក់គុកថែមទៀត។

លោកបន្តថា លោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវចំពោះទណ្ឌកម្មអន្តរជាតិ ដោយសារលោកទៅវិញទេ ដែលជាអ្នកធ្វើឲ្យរដ្ឋាភិបាលនៅកម្ពុជាជារដ្ឋាភិបាលខុសច្បាប់។

ក្រុមតំណាងរាស្រ្តអាមេរិក កាលពីពេលថ្មីៗ បានប្រកាសថា ពួកគេនឹងបង្កើនការធ្វើច្បាប់ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់របបលោក ហ៊ុន សែន ប្រសិនបើគណបក្សកាន់អំណាចនៅកម្ពុជា មិនព្រមធ្វើឲ្យស្ថានការណ៍វិលមករកភាពប្រក្រតីវិញទេនោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.