លោក ហ៊ុន សែន អំពាវនាវឲ្យយុវជនបោះឆ្នោតឲ្យលោក ប្រសិនពួកគេបានសុខ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរក្នុងនៅខេត្តសៀមរាបកាលពីថ្ងៃសុក្រ លោក ហ៊ុន សែនជំរុញឲ្យយុវជនទាំងអស់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យលោកអាចបន្តអំណាចបានតទៅមុខទៀត។

លោក ហ៊ុន សែន លើកយកបញ្ហាសង្គ្រាមនៅប្រទេសស៊ីរី មកបំភិតបំភ័យយុវជនថា ដើម្បីឲ្យកម្ពុជាចៀសផុតពីសង្គ្រាម ពួកគេត្រូវបោះឆ្នោតឲ្យលោក។

លោក ហ៊ុន សែន បានអួតអាងថា មានតែលោកទេដែលជាអ្នកនាំសន្តិភាពមកឲ្យកម្ពុជា។

មេដឹកនាំដែលកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ីរូបនេះបានចោទសួរថា តើប្រទេសស៊ីរីមានលទ្ធភាពជួបជុំសប្បាយរីករាយដែរទេ បើប្រទេសនេះនៅតែហែកហួរដោយសង្រ្គាមដូច្នេះនោះ។

ការអំពាវនាវរបស់អតីតកម្មាភិបាលខ្មែរក្រហមដែលឡើងកាន់អំណាចដោយការលើកបន្តុបរបស់រដ្ឋាភិបាលក្រុងហាណូយជំរុញឲ្យយុវជនបោះឆ្នោតជូនគណបក្សកាន់អំណាចរូបនេះ ធ្វើឡើងក្រោយពីលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅ គណបក្សសង្គ្រោះជាតិទទួលបានសម្លេងឆ្នោតជាច្រើនពីយុវជន។

ក្រុមអ្នកវិភាគនិយាយថា វិបត្តិនយោបាយ ក្នុងប្រទេសកម្ពុជានឹងមិនអាចដោះស្រាយបាននោះទេ ដរាបណា អ្នកនយោបាយខ្មែរគ្រប់រូបនៅតែមាននិន្នាការចាត់ទុកខ្មែរគ្នាឯងជាសត្រូវនោះ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.