សង្គមស៊ីវិលអំពាវនាវឲ្យមានការស៊ើបអង្កេតស៊ីជម្រៅលើឃាតកម្មរបស់លោកបណ្ឌិត កែម ឡី

ក្រុម អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួននៅតែទាមទារឲ្យ តុលាការបង្ហាញលទ្ធផលពីការស៊ើបអង្កេតក្នុងសំណុំរឿងលោកបណ្ឌិត កែម ឡី ដែលពលរដ្ឋ និងក្រុមគ្រួសាររបស់ជនរងគ្រោះកំពុងទន្ទឹងរង់ចាំយុត្តិធម៌។

ក្រោយពេលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅស្តាម៉ាត ក្នុងស្ថានីយ៍ចាក់សាំងកាល់តិច ក្បែរស្តុបបូកគោ កាលពីថ្ងៃអង្គារលោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែលាតត្រដាងអំពីការណ៍ពិតជុំវិញអំពើឃាតកម្មដ៏កក្រើកមួយនេះ ដើម្បីស្វែងរកឃាតកពិត និងអ្នកពីក្រោយអំពើមនុស្សឃាតដ៏សាហាវមួយនេះ។

កន្លងមកតុលាការបានកាត់ទោសឲ្យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ជាប់ទោសអស់មួយជីវិតក្រោយពីជននេះបានសារភាពថាជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

ប៉ុន្តែសហគមន៍អន្តរជាតិ ពលរដ្ឋ និងគ្រួសារជនរងគ្រោះនៅមិនទាន់ទទួលយកបានទេចំពោះចំណាត់របស់តុលាការ ដោយសារចម្លើយសារភាពរបស់ជនដៃដល់នេះមិនគួរឲ្យជឿ ស្របពេលដែលសមត្ថកិច្ច នៅមិនទាន់បង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅក្នុងហាងស្តាម៉ាត ជាទីដែលជនដៃដល់បាញ់សម្លាប់លោកបណ្ឌិត កែម ឡីនោះ។

អង្គការសង្គមស៊ីវិលអន្តរជាតិបានទាមទារឲ្យអាជ្ញាធរនៃរបបលោក ហ៊ុន សែនបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដែលមាន ការចូលរួមពីសហគមន៍អន្តរជាតិ និងភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីពិនិត្យឃាតកម្មលោកបណ្ឌិត កែម ឡី ដើម្បីឲ្យប្រាកដថា ការស៊ើបអង្កេតនោះធ្វើឡើងដោយស៊ីជំរៅ និងមានតម្លភាព ហើយមានការជឿជាក់ពីមហាជន៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.