សង្គម​ស៊ីវិល​ជា​ច្រើន​កំពុង​ត្រៀម​ធ្វើ​ពិធី​រំឭក​ខួប​ទិវា​​សិទ្ធិ​មនុស្ស​ ១០​ ធ្នូ​ លើក​ទី​៧០​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​សមាគម​និង​សហជីព​កម្មករ​ជាច្រើន​បាន​ស្នើ​សុំ​ឲ្យ​សាលាក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ពួក​គេ​​ប្រារព្ធ​ខួប​លើក​ទី​៧០​ នៃ​ទិវា​សិទ្ធិ​មនុស្ស​១០​ឆ្នូ។ ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​អះអាង​ថា ​ពួកគេ​មាន​គ្នា​ប្រហែល​១​ពាន់​នាក់​ មាន​គម្រោង ​ដើរ​ហែ​ក្បួន​​ពី​សួន​ច្បារ​មុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​មាន​ទីតាំង​ក្បែរ​វត្តភ្នំ​ឆ្ពោះទៅ​ទីលាន​ប្រជា​ធិបតេយ្យ ​ក្នុង​រាជធានី​ភ្នំពេញ។​

ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​ឲ្យ​ដឹង​ថា ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ ​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ធ្វើ​ឡើង​ ក្រោម​ប្រធាន​បទ ​រួមគ្នា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន ​និង​ប្រជា​ធិបតេយ្យ​ក្នុង​បំណង​រួម​ចំណែក​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ​យុត្តិធម៌​សង្គម​ និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​​

រហូត​មក​ទល់​ពេល​នេះ ​សាលាក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា​ ពួក​គេ​ជួប​ប្រជុំ​ជាមួយ​តំណាង​អង្គការ​សមាគម​ទាំង​ឡាយ​ណា​ ដែល​មាន​គម្រោង​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​ថ្ងៃ​១០​ធ្នូ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​នៅ​សាលាក្រុង ​ភ្នំពេញ​តែ​ម្តង។​​

ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ជំរុញ​ឲ្យ​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ​កុំ​ប្រើ​អំពើ​ហិង្សា​ ឬ​គំរាម​កំហែង​ណាមួយ​មក​លើ​ពួកគេ​ក្នុង​ពេល​ពួកគេ​ប្រារព្ធ ​ខួប​សិទ្ធិ​មនុស្ស​១០​ធ្នូ ​ខាង​មុខ៕​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.