សមត្ថកិច្ចចាប់ខ្លួនមនុស្សបួននាក់ដោយសារលក់អាវ បណ្ឌិត កែម ឡី

សមត្ថកិច្ចអះអាងថា ពួកគេនឹងបញ្ជូនខ្លួនយុវជនចំនួនបួននាក់ដែល លក់អាវគូរស្នេហ៍ មានឈ្មោះលោក បណ្ឌិត កែម ឡី តាមហ្វេសប៊ុក ទៅតុលាការ។

យុវជនទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន អតីតសកម្មជនបក្សប្រឆាំង លោក គង់ រ៉ៃយ៉ា និងភរិយាឈ្មោះ សុខ ស្រីណុច រួមទាំងប្អូនបង្កើតរបស់លោកឈ្មោះ គង់ លក្ខិណា និងប្អូនថ្លៃឈ្មោះ សុខ ឌីណា។

សាព័ត៌មាន VOD បានដកស្រង់សម្តីស្នងការរាជធានីភ្នំពេញ លោក ស ថេត ចុះផ្សាយនៅថ្ងៃនេះថា សមត្ថកិច្ចនឹងបញ្ជូនយុវជន៤នាក់ទៅតុលាការនៅថ្ងៃនេះ។  លោក ស ថេត បញ្ជាក់ថាការចាប់ខ្លួនយុវជន ទាំងនេះដោយសារពួកគេបានសរសេរសារនៅអាវដែលពួកគេដាក់មានលក្ខណៈញុះញង់ធ្វើប៉ះទង្គិចដល់សន្តិសុខសង្គម។

សារជាអក្សរដែលសរសេរនៅលើអាវនោះពីខាងមុខមានដាក់រូបលោកបណ្ឌិតកែម ឡី អមដោយពាក្យស្លោកថា «ជូតទឹកភ្នែកហើយបន្តដំណើរទៅមុខទៀត» ចំណែកពីខាងវិញសរសេរថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ គ្រាន់តែមិនដល់វេនអ្នកតែប៉ុណ្ណោះ»

ក្រុមសង្គមស៊ីវិលបានហៅចំណាត់ការរបស់សមត្ថកិច្ចទីក្រុងភ្នំពេញ ថាជាការគំរាមកំហែង ការបំផិតបំភ័យ និងជាការរឹតត្បិតធ្ងន់ធ្ងរដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។

នៅក្នុងថ្ងៃប្រារព្ធខួបបីឆ្នាំនៃការមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលត្រូវបានឃាតករដៃឆៅបេះយកជីវិតទាំងកណ្តាលថ្ងៃត្រង់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ គេឃើញមានសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធគ្រប់ដៃបាននាំរារាំងពលរដ្ឋមិនឲ្យដាក់កម្រងផ្កានៅក្នុងស្តាម៉ាត ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ក្បែស្តុប បូកគោ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នោះឡើយ។

ក្រៅពីការនាំគ្នាទៅដាក់កម្រងផ្កានៅទី ដែលលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់ ពលរដ្ឋខ្មែរជាច្រើនទៀតបាននាំគ្នាដាក់កម្រងផ្កានៅចំពោះមុខរូបថតលោកបណ្ឌិត កែម ឡី នៅតាមគេហដ្ឋានរបស់ពួកគេ។ ពលរដ្ឋជាច្រើនបានសរសេរនៅលើគណនីហ្វេសប៊ុកថា យុត្តិធម៌សំរាប់អ្នកស្នេហាជាតិនៅតែគ្មានពន្លឺ ហើយប្រព័ន្ធយុត្តិធម៌របស់ប្រទេសនៅតែគ្មានការជឿទុកចិត្ត៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.