សមត្ថកិច្ចចុះឆែកឆេរលំនៅដ្ឋានរបស់ឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ

កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃនេះ ចុះឆែកឆេរលំនៅដ្ឋានរបស់ឧកញ៉ា គង់ ក្រឹង នៅស្រុកស្នួល ខេត្តក្រចេះ។

ការចុះឆែកឆេរផ្ទះរបស់លោកឧកញ៉ាល្បីល្បាញរឿងរកស៊ីឈើនេះ ក្រោយពេលឧកញ៉ារូបនេះ និងបុគ្គលម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ដែលគេដឹងថាត្រូវជាកូនប្រសារបស់លោក គង់ ក្រឹង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចម្សិលមិញ ពាក់ព័ន្ធបទល្មើសរកស៊ីឈើ និងជួញដូរឈើទៅប្រទេសវៀតណាម។

ឧកញ៉ា គង់ ក្រឹង មានទីលំនៅ ក្នុងភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងជាម្ចាស់រោងចក្រសិប្បកម្មឈើឈ្មោះ ម៉ាត់ ណាស៊ាត។

នេះជាឧកញ៉ាទី២ហើយ ដែលត្រូវបានកម្លាំងគណៈកម្មការជាតិចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ បន្ទាប់ពីឧកញ៉ាទី១ គឺឧកញ៉ាស៊ឹង សំអុល ដែលជាជនល្បីល្បាញខាងជំនួញឈើភូមិភាគឦសាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការខេត្តមណ្ឌលគិរី ក៏បានសម្រេចឃុំខ្លួនឧកញ៉ារូបនេះ និងបក្ខពួក កាលពីថ្ងៃទី១២កក្កដាពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើផងដែរ។

ក្រៅពីឧកញ៉ាទាំងពីររូបនេះ សកម្មជនបរិស្ថានធ្លាប់បានជំរុញឱ្យគណៈកម្មការជាតិរបស់លោក សៅ សុខា ត្រូវធ្វើការស៊ើបអង្កេតទៅលើមន្ត្រី ឧកញ៉ា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរជាច្រើនទៀត ត្បិតករណីរកស៊ីឈើកើតឡើងកន្លងមក ធ្វើឡើងជាប្រព័ន្ធ និងពុករលួយជាប្រព័ន្ធទៀតផង។

កាលពីថ្ងៃពុធ សប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងដោយជំរុញទៅក្រសួងពាក់ព័ន្ធ ឲ្យចាត់វិធានាការបង្កកទ្រព្យសម្បត្តិឧក្រិដ្ឋជនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងបទល្មើសលាងលុយកខ្វក់ជាដើម ដើម្បីឲ្យការទប់ស្កាត់បទល្មើសទាំងនោះឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងពិធីនោះ លោក ស ខេង បញ្ជាក់ថាឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសគ្រឿងញៀនក្តី ការជួញដូរមនុស្សក្តី រកស៊ីឈើខុសច្បាប់ក្តី បើគ្រាន់តែចាប់មនុស្សបាន និងយកមកកាត់ទោសនោះនៅពុំទាន់គ្រប់គ្រាន់ទេ ដោយថាត្បិតលុយខ្មៅរបស់ពួកគេអាចចរាចរបានដដែល។

លោកបន្តថា ដើម្បីឱ្យការបង្ក្រាបឧក្រិដ្ឋជនទាំងនោះកាន់តែមានប្រសិទ្ធភាព ទាល់តែមន្ត្រីមានសមត្ថកិច្ចធ្វើការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដោយរង់ចាំការស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយប្រសិនបើទ្រព្យសម្បត្តិទាំងនោះបានមកពីអំពើខុសច្បាប់ គឺត្រូវរឹបអូសយកទាំងអស់មកដាក់ជាសម្បត្តិរដ្ឋតែម្តង ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.