សមត្ថកិច្ចបានដាក់ពង្រាយកំលាំងជិត៥ពាន់នាក់ងថ្ងៃបុណ្យចូលឆ្នាំថ្មីដើម្បីការពារសុវត្ថិភាព

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ អះអាងថា រដ្ឋាភិបាលបានដាក់ពង្រាយប៉ូលិសចរាចរណ៍ជិត៥ពាន់នាក់ ដើម្បីសម្រួល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ លោក រុន រ័ត្នវាសនាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាទូទៅក្នុងពិធីបុណ្យជាតិធំៗនៅកម្ពុជា តែងមានករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើង ហេតុដូច្នេះហើយបានជា កម្លាំងសមត្ថកិច្ចចរាចរណ៍ជិត៥ពាន់នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេសដើម្បីសម្រួលចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។

លោកបន្តថា សមត្ថកិច្ចក៏បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ទៀត ដើម្បីជួយសម្រួលចរាចរណ៍តាមតំបន់ទីប្រជុំជនជាច្រើន ដូចជានៅតាមវត្តអារាមជាដើម។

លោក រំពឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះនឹងថយចុះ ដោយសារស្ថានភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្នាំនេះហាក់មានភាពល្អប្រសើរច្រើន។

លោក រុន រ័ត្នវាសនា អំពាវនាវឲ្យពលរដ្ឋដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្ន និងបើកបរដោយមានការទទួល ខុសត្រូវខ្ពស់។

នៅក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៩៥ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ និងរងរបួសធ្ងន់ស្រាលជិត២រយនាក់៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.