សមត្ថកិច្ចបានបង្រ្កាបកន្លែងផលិតស្ករត្នោតកែ្លងក្លាយចំនួន៤៣កន្លែងនៅខេត្តតាកែវ

សមត្ថកិច្ចខេត្តតាកែវ កាលពីម្សិលមិញបានបង្ក្រាបទីតាំងផលិតស្ករត្នោតក្លែងក្លាយចំនួន៤៣កន្លែង ដែលមានទីតាំងនៅក្នុងឃុំចំនួន៣ គឺឃុំកុមាររាជា ឃុំត្រពាំងសាប និងឃុំលំពង់ ក្នុងស្រុកបាទី ខេត្តតាកែវ។

របាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ឲ្យដឹងថា សាខាកាំកុងត្រូលឲ្យដឹងថា ទីតាំងផលិតស្ករត្នោតទាំងនេះ មិនបានប្រើប្រាស់ទឹកត្នោតដើម្បីផលិតចេញជាស្ករត្នោតនោះទេ ប៉ុន្តែអ្នកផលិតបានប្រើស្ករស ប្រេងឆា និងទឹកដើម្បីផលិតចេញជាស្ករត្នោតក្លែងក្លាយ។

របាយការណ៍ដដែលបន្តថា ស្ករត្នោតទាំងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងខ្លាំង។

សមត្ថកិច្ចខេត្តតាកែវបញ្ជាក់ថា ម្ចាស់អាជីវកម្មផលិតស្ករត្នោតក្លែងក្លាយទាំងនេះ ជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ។

លោក ភួន ឈីម អភិបាលស្រុកបាទី ដែលចូលរួមក្នុងសកម្មភាពបង្ក្រាបនេះ ឱ្យដឹងថា នេះជាការបង្ក្រាបលើកទីបួនហើយចំពោះការផលិតស្ករត្នោតក្លែងក្លាយ។

លោកបន្តថា អាជ្ញាធរនឹងមិនបណ្តោយឱ្យកើតមានជាថ្មីម្តង ទៀតនោះឡើយ។

អាជ្ញាធរមានសមត្ថកិច្ចបានបិទទីតាំងផលិតស្ករត្នោតទាំង ៤៣កន្លែងនេះ ហើយរឹបអូសបានសម្ភារៈដែលប្រើប្រាស់សម្រាប់ផលិតស្ករត្នោតក្លែងក្លាយជាច្រើន ដើម្បីលុបបំបាត់កុំអោយកើតមានឡើងជាថ្មីទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.