សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សម្រេចរំសាយគម្រោងប្រមូលផ្តុំសម្តែងមតិក្រោយសមាជិករបស់ខ្លួនអវត្តមានក្នុងស្រុក

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្រេចរំសាយចោលគម្រោងប្រមូលផ្តុំគ្នាដើម្បីសម្តែងមតិនៅពាក់កណ្តាលខែនេះ ដើម្បីទាមទារឱ្យតុលាការ ដោះលែងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអតីតប្រធានបក្សប្រឆាំងមួយរូបទៀតកំពុងរស់នៅក្រៅប្រទេស គឺលោក សម រង្ស៊ី។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់សមាគមនាថ្ងៃព្រហស្បតិ៍នេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ឲ្យដឹងថា សមាគមសម្រេចលើកពេលនៃការជួបជុំតវ៉ានេះហើយ ព្រោះតែសមាជិកមួយចំនួន បានធ្វើដំណើរទៅក្រៅប្រទេស។

យ៉ាងនេះក្តីលោកនៅតែរក្សាជំហរប្រមូលផ្តុំសម្តែងមតិដដែល ដើម្បីឱ្យតុលាការដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងលើកលែងទោសដល់លោក សម រង្ស៊ី ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប។ ប៉ុន្តែ សម្រាប់គម្រោងដែលលោកធ្លាប់ប្រកាសថានឹងធ្វើការប្រមូលផ្តុំនៅថ្ងៃទី១៥នេះ លោកសម្រេចលើកពេលវិញ ដោយសារតែថ្នាក់ដឹកនាំសហភាពសហជីពកម្ពុជារបស់លោកមានបេសកកម្មទៅក្រៅប្រទេស។

កាលពីថ្ងៃទី៣០កក្កដា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានផ្ញើលិខិតមួយទៅអភិបាលរាជធានីភ្នំពេញ អំពីគម្រោងរៀបចំការជួបជុំតវ៉ាមួយនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ដែលទាមទារទៅរដ្ឋាភិបាលឲ្យការពារប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប តាមរយៈដោះលែង លោក កឹម សុខា និងលើកលែងទោសលោក សមរង្ស៊ី  ប៉ុន្តែ សាលារាជធានីភ្នំពេញបានហាមឃាត់ការជួបជុំនេះក្រោយការស្នើនេះមួយថ្ងៃ ដោយថាករណីលោក កឹម សុខា កំពុងបន្តនីតិវិធី ហើយការទាមទារដោះលែងណាមួយធ្វើឱ្យប៉ះពាល់ដល់ដំណើរការក្តី។ ក្រៅហាមឃាត់ការជួបជុំ អាជ្ញាធររាជធានីភ្នំពេញ ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើសមាគមនេះផងដែរ ប្រសិនបើសមាគមមួយនេះនៅតែរក្សាជំហរប្រមូលផ្ដុំការតវ៉ារបស់ខ្លួននោះ។

លោក រ៉ុង ឈុន ក៏បានបង្ហាញការខកចិត្តទៅនឹងបម្រាមរបស់សាលារាជធានី ហើយលោកបានចាត់ទុកបម្រាមនោះថា ជាការបំបិទសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។

សម្រាប់លោក រ៉ុង ឈុន នៅតែបង្ហាញក្តីបារម្ភចំពោះការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាមេរិកផងដែរ ដោយលោកថា នឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើនលាននាក់ រួមទាំងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិទៀតផង។

ជាថ្មីម្តងទៀតកាលពីថ្ងៃទី ៣០កក្កដា សហរដ្ឋអាមេរិក បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងទម្លាក់បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។

សហរដ្ឋអាមេរិក ប្រាប់រដ្ឋាភិបាលលោកហ៊ុន សែន ថាត្រូវបញ្ចប់ការអនុវត្តនូវរាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនឯង។

សហរដ្ឋអាមេរិក ធ្លាប់ហៅការឃុំខ្លួនលោក កឹម សុខា ថាជារឿងអយុត្តិធម៌បំផុត និងធ្វើឡើងដោយគ្មានភស្តុតាងនោះឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.