សមាគមមីក្រូហិរញ្ញវត្តុកម្ពុជាបានច្រានចោលរបាយការណ៍អង្គការសិទ្ធិមនុស្សក្នុងស្រុក ថាមិនបានឆ្លុះបញ្ចាំងពីការពិត

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ ដោយចាត់ទុករបាយការណ៍នោះថា ជាការបង្ខូចកេរ្តិ៍ឈ្មោះវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូល។

ការច្រានចោលរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ ក្រោយពីអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ របាយការណ៍ថ្មីមួយក្រោមចំណងជើងថា ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីថ្ងៃម្សិលមិញដោយថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានបង្កឱ្យករណីរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ទៅលើពលរដ្ឋដែលជាកូនបំណុល។

អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកទាំងពីរនេះ បានរកឃើញថា ពលរដ្ឋជាង២លាននាក់ ដែលកំពុងជាប់បំណុលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្តុក្នុងប្រទេសកម្ពុជា។

ពលរដ្ឋជាកូនបំណុលមួយចំនួន ត្រូវបានរងការរំលោភបំពានសិទ្ធិមនុស្សជាច្រើនរួមមាន ការបង្ខំឱ្យលក់ដី លក់ផ្ទះសម្បែង ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការបង្ខំចិត្តឈប់រៀនរបស់កូនបំណុលដើម្បីទៅរកការងារធ្វើដោយយកប្រាក់មកដោះបំណុល ការធ្វើចំណាកស្រុកដោយសារបំណុលនិងការបញ្ចាំខ្លួនដើម្បីដោះបំណុលជាដើម។ 

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ ខ្លួនមួយកាលពីថ្ងៃម្សិលមិញ ដោយចាត់ទុករបាយការណ៍របស់អង្គកាទាំងពីរថាជាការចេញផ្សាយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងជារបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិតនៃវិស័យមិក្រូហិរញ្ញវត្តុនៅកម្ពុជាទៀតផង។លើសពីនេះCMA យល់ថាអង្គការទាំងពីរបានសរសេររបាយការណ៍ ដោយផ្ដោតតែលើគុណវិបត្តិ ដោយមិនបានបង្ហាញពីភាពជាក់ស្ដែងទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ។

 ប្រភពដដែលបន្តទៀតថា ការសិក្សានេះបានជ្រើសរើសយកគំរូមកសិក្សាត្រឹមតែ២៨ ករណីប៉ុណ្ណោះ ហើយរកឃើញតែផលអវិជ្ជមានពីកម្ចីហិរញ្ញវត្តុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានបង្កើនកម្រិតនៃការជួយផ្តល់ទុនហិរញ្ញវត្ថុ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

យ៉ាងក្នុងរបាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោតអះអាងថា ទម្រង់នៃប្រាក់កម្ចីដែលមានសភាពធ្ងន់ធ្ងរបែបនេះ បានជួយបង្កើនប្រាក់ចំណូលយ៉ាងច្រើនសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដៃគូកម្ចីបរទេសរបស់គ្រឹះស្ថានទាំងនោះ ប៉ុន្តែវាបានផ្តល់ផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាពនៃសិទិ្ធកាន់កាប់ដីធ្លីរបស់ ពលរដ្ឋកម្ពុជា ជាពិសេសសហគមន៍ដែលងាយរងគ្រោះ។ ស្ថាប័នហិរញ្ញវត្ថុធំៗចំនួន ៧នៅក្នុងប្រទេសកម្ពុជារកប្រាក់ចំណូលបានច្រើនជាង ១៣០លានដុល្លារក្នុងឆ្នាំ២០១៧។

ការស្រាវជ្រាវដដែកបានរកឃើញទៀតថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន បានសហការណ៍គ្នា ក្នុងការបង្ខិតបង្ខំពលរដ្ឋឲ្យលក់ដី ដើម្បីសងប្រាក់គ្រឹះស្ថានទាន់ពេលវេលាជាដើម៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.