សហព័ន្ធស្រូវអង្ករកម្ពុជា ប្តេជ្ញាជាថ្មីទៀត ជំរុញការនាំចេញអង្ករឱ្យបាន១លានតោនឡើងវិញ

សហព័ន្ធស្រូវអង្ករកម្ពុជា បានប្ដេជ្ញាជាថ្មីទៀត ដោយថានឹងជំរុញការនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសឲ្យបាន ១លានតោនឡើងវិញ ស្របតាមគោលនយោបាយរដ្ឋគ្រោងទុកកន្លងមក។

ការថ្លែងប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីមួយនៅព្រឹកនេះ ដោយប្រធានសហព័ន្ធស្រូវអង្ករថ្មី ដែលទើបនឹងបានជាប់ឆ្នោតជាប្រធានសហព័ន្ធនេះ គឺ លោក សុង សារ៉ន។

ប្រធានសហព័ន្ធស្រូវអង្ករថ្មី លោក សុង សារ៉ន បានប្ដេជ្ញាជំរុញការនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំ ស្របតាមផែនការដែលបានដាក់ចេញកាលពីចុងឆ្នាំ២០១៥កន្លងមក ដោយថានឹងដាក់ចេញផែនការមួយចំនួន ក្នុងនោះក៏មានការចុះណែនាំដល់កសិករអំពីបច្ចេកទេសដើម្បីបង្កើនទិន្នផលរបស់ខ្លួនផងដែរ។ ផែនការនាំអង្ករចេញឱ្យបាន១លានតោន កាលពីឆ្នាំ២០១៥ ត្រូវបានបរាជ័យរហូតមក បន្ទាប់ពីកម្ពុជាអាចនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានត្រឹមតែចំនួនជាង ៥៣ម៉ឺនតោនប៉ុណ្ណោះ នៅត្រឹមចុងឆ្នាំ២០១៥កន្លង ហើយទំហំនៃការនាំចេញអង្កររបស់កម្ពុជា មិនបានទៅដល់គោលដៅ ១លានតោននោះឡើយចាប់តាំងពីពេលនោះមក។

សង្គមស៊ីវិលដែលធ្វើការងារផ្នែកកសិកម្ម ធ្លាប់បានរិះគន់រដ្ឋាភិបាលអំពីបញ្ហានេះ ដោយថារដ្ឋបានដាក់ចេញនូវផែនការនេះ ប៉ុន្តែមិនដែលបានដាក់ចេញផែនការជួយជ្រោមជ្រែងដល់កសិករឡើយ ទាំងបច្ចេកទេស ធនធាន និងទីផ្សារ ពោលគឺកសិករត្រូវរស់នៅ និងផលិតតាមបែបបុរាណរបស់ខ្លួនប៉ុណ្ណោះ។

បន្ថែមពីនេះ នៅពេលកសិករផលិតបាន តម្លៃលក់ចេញ ឬទីផ្សារលក់ចេញទិន្នផលស្រូវរបស់ពួកគាត់បែជាធ្លាក់ចុះ ធ្វើឱ្យកសិករជាច្រើនប្រឈមនឹងបញ្ហាជំពាក់បំណុលធនាគារ និងត្រូវបង្ខំចិត្តធ្វើចំណាកស្រុកឬ លក់ដីស្រែដើម្បីសងបំណុលគេផងដែរ។

របាយការណ៍របស់ក្រសួងកសិកម្មឱ្យដឹងថា កាលពីឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបានជាង ៦២ម៉ឺនតោន ដោយចំនួននេះបានធ្លាក់ចុះចំនួនជាង១ភាគរយ( ១,) បើធៀបនឹងទំហំនៃការនាំចេញអង្ករកាលពីឆ្នាំ២០១៧ ដោយពេលនោះការនាំចេញអង្កររបស់កម្ពុជាគឺមានចំនួនជាង ៦៣ម៉ឺនតោន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.