ស្ថានទូតកម្ពុជា ជួយសង្គ្រោះពលរដ្ឋខ្មែរ៣០នាក់ដែលរងគ្រោះនៅថៃ ម៉ាឡេស៊ី និងវៀតណាម

សេចក្តីប្រកាសព៍ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន៣០នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ម៉ាឡេស៊ី និងវៀតណាម ត្រូវបានស្ថានទូតខ្មែរប្រចាំនៅប្រទេសទាំងនោះ ជួយសង្គ្រោះ និងបានបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី៣១ ខែមីនាដល់ថ្ងៃទី៩ ខែមេសាកន្លងមកនេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសខ្មែរបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋចំនួន៣០នាក់នោះមានពលករ-ពលការិនី១២នាក់និងកុមារ២នាក់ទៀត ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ីដោយសារចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់ ប៉ុន្តែត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនមកដល់កម្ពុជាវិញហើយ។

ចំណែកកុមារីចំនួន៤នាក់មានអាយុចន្លោះពី៣ឆ្នាំដល់១៣ឆ្នាំ ដែលទទួលរងគ្រោះដោយការ ជួញដូរមនុស្ស នៅឯប្រទេសថៃនោះ ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរថៃជួយសង្គ្រោះ និងបានបញ្ជូនត្រឡប់មកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

រីឯប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ផ្សេងទៀតក្នុងនោះមានកុមារចំនួន១១នាក់ ដែលចូលទៅលក់ឆ្នោតខុសច្បាប់នៅក្នុងប្រទេសវៀតណាម ត្រូវបានអាជ្ញាធរខ្មែរសហការជាមួយអាជ្ញាធរវៀតណាម ចាប់បញ្ជូនមកខេត្តស្វាយរៀងវិញកាលពីថ្ងៃទី៩ ខែមេសា។

ក្រុមមន្ត្រីសង្គមស៊ីវិលធ្លាប់ស្នើឲ្យអាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹងដូចប្រទេសជិតខាង ខណៈមានជនជាតិវៀតណាម ជាច្រើនកំពុងរស់នៅ និងចូលមកកត់ឆ្នោតខុសច្បាប់ក្នុងទឹកដីកម្ពុជា។

ពលរដ្ឋខ្មែរដែលតែងនាំគ្នាធ្វើចំណាកស្រុក ចាកចេញពីស្រុកកំណើតទៅផ្សងព្រេងធ្វើការនៅក្រៅប្រទេសនេះ ដោយសារពួកគេមានជីវភាពក្រីក្រ គ្មានចំណេះដឹង គ្មានដីធ្វើស្រែចំការ រីឯការងារក្នុងស្រុកក៏មានប្រាក់ឈ្នូលទាបថែមទៀត៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.