ស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុងភ្នំពេញបារម្ភអំពីព័ត៌មានបំផ្ទុះគ្រាប់ បែកកណ្តាលក្រុងភ្នំពេញ

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញសារក្រើនរំលឹកដល់ពលរដ្ឋអាមេរិកាំងទាំងអស់ មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ទាំងឡាយណាដែលអាចបណ្តាលមកពីជាតិផ្ទុះ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

សេចក្តីប្រកាសអាសន្នរបស់ស្ថានទូតអាមេរិកនេះ បានរំលឹកដល់ពលរដ្ឋអាមេរិកាំង ត្រូវប្រុងប្រយ័ត្ននៅតំបន់ណា ដែលមានមនុស្សកុះករ ហើយប្រសិនបើឃើញមានកញ្ចប់ឬវត្ថុអ្វីមួយដែលសង្ស័យ ត្រូវចាកចេញពីទីតាំងនោះជាបន្ទាន់។

ក្តីបារម្ភរបស់ស្ថានទូតអាមេរិកធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា សមត្ថកិច្ចបានទប់ស្កាត់ ទាន់ពេលវេលាអំពីបង្កអសន្តិសុខរបស់ក្រុមចលនារណៈសិរ្យរំដោះជាតិខ្មែរ មានមូលដ្ឋានក្នុងប្រទេសដាណាម៉ាកដែលដឹកនាំដោយលោក សម សេរី ដែលលោកហ៊ុនសែនអះអាងថា មានផែនការដាក់គ្រាប់បំផ្ទុះគ្រាប់បែកនៅម្ដុំវត្តភ្នំ និងខេត្តសៀមរាប។

ប៉ុន្តែ លោក សម សេរី បានបដិសេធមិនមែនជាការពិត។

លោក អះអាងថា រណៈសិរ្សរបស់លោកគឺដើម្បីធ្វើការតស៊ូផ្តាស់ប្តូររបបដឹកនាំរបស់លោក ហ៊ុន សែន ដោយអហិង្សាតាមរយៈសៀវភៅ និងប៊ិចតែប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ រដ្ឋាភិបាលលោកហ៊ុន សែន បានចាប់សមាជិករណៈសិរ្យនេះអស់ជាច្រើននាក់ដាក់ពន្ធនាគារ ហើយផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី៥ឆ្នាំដល់៩ឆ្នាំ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.