ហុងកុងធ្លាក់ក្នុងសង្គ្រាមការទូតនាំឱ្យអង់គ្លេសព្រមានដាក់ទណ្ឌកម្មលើក្រុងប៉េកាំង

ភាពតានតឹងផ្នែកការទូតរវាងចិន និងអង់គ្លេស បានចាប់ផ្ដើមហើយ នៅពេលនេះ ជុំវិញការងើបបះបោររបស់ពលរដ្ឋក្រុងហុងកុង ប្រឆាំងគោលនយោបាយចិនក្នុងការគាបសង្កត់ឱ្យមានការធ្វើបត្យាប័នជនជាប់ចោទទៅកាត់ទោសនៅទីក្រុងប៉េកាំង។

ប្រទេសអង់គ្លេសគឺជាម្ចាស់ដែនដី អាណានិគមលើហុងកុង។ កាលពីឆ្នាំ១៩៩៧  អង់គ្លេសបានប្រគល់ការគ្រប់គ្រងនេះ ទៅអោយចិនជាអ្នក គ្រប់គ្រងវិញ តែក្រោមលក្ខខណ្ឌមួយចំនួន ក្នុងនោះមានទាំងការគោរពសិទ្ធិមនុស្ស ផងដែរ។ ជាការកត់សម្គាល់ ចាប់តាំងពីពលរដ្ឋក្រុងហុងកុងបានធ្វើបាតុកម្មភ្លូកទឹកភ្លូកដី កាលពីថ្ងៃទី២៨ ខែមេសា  មក ក្រុងប៉េកាំង មិនត្រឹមតែ ចោទអង់គ្លេសថាជាអ្នកនៅពីក្រោយការធ្វើបាតុកម្មនោះទេ ប៉ុន្តែសូម្បីសហរដ្ឋអាមេរិកក៏ត្រូវរងការចោទប្រកាន់ផងដែរ។

នៅក្នុងព្រឹត្តិការណ៍ចុងក្រោយកាលពីថ្ងៃអាទិត្យទី៧ ខែកក្ដដា មនុស្សជាង២សែននាក់បាននាំគ្នាធ្វើបាតុកម្មជាថ្មីទៀត ប៉ុន្តែព្រឹត្តិការណ៍នេះ បានបង្កហិង្សា នាំអោយប៉ូលិស ចាប់ខ្លួនមនុស្ស ៦នាក់ ដោយសារក្រុមបាតុករសម្រុកចូលអាគាររដ្ឋសភា ហើយបំផ្លាញទ្រព្យសម្បត្តិជាច្រើន។

ក្រោយមានការចាប់ខ្លួនពលរដ្ឋហុងកុងទាំង៦នាក់នេះ អង់គ្លេសបានចេញសារមួយប្រាប់ទៅរដ្ឋាភិបាលក្រុងប៉េកាំង អោយបន្ថយការគាបសង្កត់ សិទ្ធិសេរីភាព របស់ពលរដ្ឋហុងកុង។ ទោះជាយ៉ាងណាក៏ដោយចិនបានព្រមានឱ្យអង់គ្លេសថាត្រូវឈប់ពាក់ព័ន្ធ នឹងកិច្ចការផ្ទៃក្នុងរបស់ចិន។

ប៉ុន្តែរដ្ឋាភិបាលទីក្រុងឡុងដ៍ (London) មិនបានស្ដាប់ការព្រមាន របស់រដ្ឋាភិបាលកុម្មុយនីស្ត ប៉េកាំង ឡើយ។ រដ្ឋមន្ត្រីការបទេសអង់គ្លេស         លោក ជេរេមី ហាន់ (Jeremy Hunt) បានប្រាប់ចិនដោយព្រមានពីផលវិបាកធ្ងន់ធ្ងរឈានដល់ការទណ្ឌកម្ម បើស្ថានការណ៍នៅទីហុងកុងមិនល្អប្រសើរ ហើយសិទ្ធិសេរីភាពប្រជាជននៅតែទទួលរងការគាបសង្កត់នោះ។

ក្នុងបទសម្ភាសជាមួយបណ្ដាញផ្សាយព័ត៌មាន BBC លោក ជេរេមី ហាន់ (Jeremy Hunt) ចាត់ទុក បញ្ហាហុងកុងនេះ ជារឿងសំខាន់ ដែលអង់គ្លេស មិនអាចនៅស្ងៀមបានឡើយ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសរូបនេះបាន ថ្កោលទោសសកម្មភាពរបស់បាតុករដែលឈានដល់ការលុកលុយអាគាររដ្ឋសភាក្រុងហុងកុង។ ប៉ុន្តែលោកព្រមានចិនថាមិនត្រូវឆ្លើយតបនឹងបាតុកម្មដោយការរឹតត្បិតឬហិង្សានោះឡើយ។ ទោះជាយ៉ាងណាក៏ដោយរដ្ឋាភិបាលទីក្រុងប៉េកាំងហាក់មិនចុះញមទៅនឹងការព្រមានរបស់អង់គ្លេសនោះដែរ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រាប់ឲ្យអង់គ្លេសដោះដៃចេញពីទីក្រុងហុងកុង ដោយសារទីក្រុងហុងកុងបច្ចុប្បន្នជាកម្មសិទ្ធិរបស់ចិនដែលមិនស្ថិតនៅក្រោមអាណានិគមអង់គ្លេសទៀតនោះឡើយ។

អង់គ្លេសបានគ្រប់គ្រងហុងកុងជាង១៥០ឆ្នាំមុនប្រគល់ឲ្យទៅចិននៅឆ្នាំ១៩៩៧ ។ នៅក្រោមកិច្ចព្រមព្រៀងនេះ អង់គ្លេស និងចិនបានចុះហត្ថលេខាមួយដែលមានការធានាស្វ័យភាពសេដ្ឋកិច្ច និងសេរីភាពរបស់ពលរដ្ឋ ហុងកុង។

ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក ជេរេមី ហាន់ (Jeremy Hunt) បានប្រាប់ឲ្យចិនអនុវត្តតាមកិច្ចព្រមព្រៀងនេះឲ្យបានម៉ត់ចត់ និងធានាថា សេរីភាពប្រមូលផ្ដុំរបស់ពលរដ្ឋហុងកុង ត្រូវបានធានា។ លោកព្រមានថា ចិនអាចនឹងប្រឈមនឹងការដាក់ទណ្ឌកម្ម ពីសហគមន៍ អន្តរជាតិ បើមានការបង្រ្កាមលើពលរដ្ឋក្រុងហុងកុង។

ក្រុងហុងកុង ជាទឹកដីកោះមួយស្ថិតក្នុងគោលនយោបាយ «ប្រទេសមួយដែលមានប្រព័ន្ធពីរ»។គោលនយោបាយនេះបានចុះកិច្ចព្រមព្រៀងដោយអតីតប្រធានាធិបតីចិន លោក តេងស៊ាវពីង។ គោលនយោបាយនេះក៏ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងមានផែនការដាក់អោយកោះតៃវ៉ាន់អនុវត្តផងដែរនៅពេលដែនដីនេះស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញនោះ។

ប៉ុន្តែអ្នកស្រី សាយ អ៊ីងវែន ប្រធានាធិបតីបេះដូងឯករាជ្យរបស់តៃវ៉ាន់ បានប្រកាសហើយថា តៃវ៉ាន់នឹងមិនទទួលយកគោលនយោបាយ បិទសេរីភាពពលរដ្ឋនេះទេ។ នៅពេលបាតុកម្មកំពុងផ្ទុះឡើងជាខ្លាំងនៅក្រុងហុងកុង គឺពលរដ្ឋកោះតៃវ៉ាន់បានសម្ដែងការគាំទ្រ ពលរដ្ឋក្រុងហុងកុង ហើយប្រកាសថាក្រុងប៉េកាំងមិនត្រូវគាបសង្កត់សេរីភាព ប្រជាធិបតេយ្យ និងជ្រៀតជ្រែកកិច្ចប្រព័ន្ធយុត្តិធម៌អ្នកដទៃឡើយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.