អង្គការខុមហ្វ្រែលធ្វើពហិការមិនចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនាពេលខាងមុខ

អង្គការឃ្លាំមើលការបោះឆ្នោតដ៏ធំមួយនៅកម្ពុជា គឺអង្គការ ខុមហ្វ្រែល (Comfrel)បានសម្រេចចិត្តមិនទៅចុះឈ្មោះនៅគណៈកម្មាធិការ ជាតិ រៀបចំការបោះឆ្នោតគ.ជ.ប. និងមិនបញ្ជូនអ្នកសង្កេតការណ៍នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ដូចកាលពីបោះឆ្នោតអាណត្តិមុនៗទេ ដោយសារតែរដ្ឋាភិបាល មិនអនុញ្ញាតឲ្យបើកបន្ទប់ស្ថានការណ៍ ឡើងវិញដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឯករាជ្យឃ្លាំមើលការបោះឆ្នោត។

កន្លងមករដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់អង្គការខុមហ្វ្រែល និងអង្គការជាច្រើនទៀតថា ជាក្រុមបដិវត្តន៍ពណ៌ ដែលនាំឲ្យអ្នកសង្កេតការណ៍បោះឆ្នោតភាគច្រើនមានការភ័យខ្លាច។

ការប្រកាសរបស់អង្គការខុមហ្វ្រែលនៅពេលនេះគឺស្របពេលដែល គ.ជ.ប. បានបញ្ចប់ថ្ងៃកំណត់ចុះបញ្ជីឈ្មោះគណបក្សនយោបាយសម្រាប់ចូលរួមការបោះឆ្នោតនីតិកាលទី៦នៅថ្ងៃទី២៩កក្កដាខាងមុខ។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានគណបក្សនយោបាយចំនួន២០បានចុះឈ្មោះចូលរួមការបោះឆ្នោតសំរាប់ឆ្នាំ២០១៨នេះ ក្នុងនោះគណបក្សនយោបាយដែលគ.ជ.ប.បានទទួលស្គាល់ មានចំនួនតែ៤គណបក្សប៉ុណ្ណោះ គឺគណបក្សយុវជនកម្ពុជា គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។

រីឯគណបក្សចំនួន១៦ទៀត គ.ជ.ប. កំពុងធ្វើការត្រួតពិនិត្យនៅឡើយ។

អង្គការ Comfrel បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះ ថា ការបោះឆ្នោតបែបប្រជាធិបតេយ្យសេរីពហុបក្ស គឺត្រូវមានការចូលរួមពីគណបក្សច្រើន និងក្រុមសង្គមស៊ីវិលឯករាជ្យ។

ប៉ុន្តែអ្វីដែលរឹតតែចាំបាច់បំផុត គឺត្រូវមានការចូលរួមពីគណបក្សប្រឆាំង ដើម្បីឲ្យការប្រកួតប្រជែងមានលក្ខណៈស្របច្បាប់៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.