អង្គការសង់ត្រាល់សុំឲ្យមានការស៊ើបអង្កេតករណីដួលសន្លប់ កម្មកររោងចក្រស្បែកជើងក្នុងខេត្តតាកែវ

អង្គការសង់ត្រាល់សុំឲ្យមានការស៊ើបអង្កេតករណីដួលសន្លប់ កម្មកររោងចក្រស្បែកជើងក្នុងខេត្តតាកែវ អង្គការCentralកាលពីម្សិលមិញទាមទារឲ្យក្រសួងការងារម្ចាស់រោងចក្រ និងក្រុមហ៊ុនបញ្ជាទិញឥវ៉ាន់ បើកការស៊ើបអង្កេតជាបន្ទាន់ ករណីកម្មកររោងចក្រផលិតស្បែកជើងឈ្មោះPONTUS FOOTWEARចំនួនជាង៧០០នាក់ បានដួលសន្លប់ រយៈពេលពីរថ្ងៃជាប់គ្នា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ខែកក្កដា នៅខេត្តតាកែវ។

នាយកប្រតិបត្តិនៃអង្គការ Central លោក មឿន តុលា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អង្គការរបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពការងារ និងបរិយាកាសនៅក្នុងរោងចក្រ។

ប្រធានមន្ទីរការងារខេត្តតាកែវ កាលពីថ្ងៃ១១ខែកក្កដា អះអាងថា ករណីកម្មកររាប់រយនាក់ដួលសន្លប់នេះគឺដោយសារការភ័យស្លន់ស្លោ ក្រោយពេលពួកគេឃើញកម្មការិនីម្នាក់ព្យួរសារ៉ូមដើរចូលទៅក្នុងរោងចក្រ។

ប៉ុន្តែលោក មឿន តុលាបញ្ជាក់ថា តាមការសាកសួរកម្មករ កម្មការិនីជាច្រើននៃរោងចក្រនោះឲ្យដឹងថា នៅពេលពួកគាត់កំពុងធ្វើការ គឺមនុស្សភាគច្រើនធំក្លិនថ្្នាំអ្វីមួយយ៉ាងខ្លាំង ហើយសីតុណ្ហភាពនៅក្នុងរោងចក្រនោះមានភាពក្តៅខ្លាំងថែមទៀតដែលបណ្តាលឲ្យពួកគាត់អស់កម្លាំង វិលមុខ ស្លេកស្លាំង ហើយដួលសន្លប់តែម្តង។

ក្រុមសហជីពឲ្យដឹងថា ករណីកម្មករដួលសន្លប់តគ្នា នៅពេលភ័យតក់ស្លុត គឺដោយសារសុខភាពពួកគេទន់ខ្សោយខ្លាំង ហើយថា ការដួលសន្លប់នោះ គឺដោយសារតែកម្មករធ្វើការប្រឈមនឹងជាតិគីមីក្នុងក្រណាត់ ហើយបរិយាកាសក្នុងរោងចក្រអាចគ្មានស្ដង់ដារតាមច្បាប់កំណត់ ឬអាចទទួលបានប្រាក់ខែតិចតួចពេកដែលធ្វើឲ្យពួកគាត់មិនមានលទ្ធភាពបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ ឬការសម្រាកមិនគ្រប់គ្រាន់ ដោយសារតែបន្ទប់ជួលមួយត្រូវស្នាក់នៅគ្នាច្រើននាក់៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.