អតីតសមាជិកក្រុមប្រឹក្សាក្រុងLowell បរាជ័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារដ្ឋ ប្រចាំរដ្ឋ Massachusetts

អតីតសមាជិកក្រុមប្រឹក្សាក្រុងLowell បានទទួលបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារដ្ឋ ប្រចាំរដ្ឋ Massachusetts អតីតសមជិកក្រុមប្រឹក្សាក្រុងប្រឹក្សាក្រុងឡូវែល (Lowell) នៃរដ្ឋMassachusetts លោកអ៊ុង ឫទ្ធី កាលពីថ្ងៃទី៨ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទោះបីជាលោកបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រចាំរដ្ឋ Massachusetts ក៏ដោយ ក៏លោក នៅតែបន្តតស៊ូដើម្បីយកឈ្នះការបោះឆ្នោតនៅអាណត្តិក្រោយទៀត។

អ្នកដែលបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតនោះគឺលោក មុំ រ៉ាឌី ដែលជាពលរដ្ឋខ្មែរអាមេរិកាំងក្នុងទីក្រុងLowell។

នេះគឺជាការជាប់ឆ្នោតអាណត្តិទីបីហើយរបស់លោក មុំ រ៉ាឌី ជាតំណាងសង្កាត់១៨។

លោកអ៊ុង ឫទ្ធីអះអាងថា ភាពបរាជ័យរបស់លោកគឺដោយសារ ការបែកបាក់សាមគ្គីរវាងពលរដ្ឋខ្មែរក្នុងសហគមន៍ខ្មែរ នៅក្រុងLowell។

សារព័ត៌មានThe Lowell Sun កាលពីថ្ងៃទី៦ខែកញ្ញា បានរាយការណ៍ថាលោកមុំ រ៉ាឌីបានទទួលសម្លេងឆ្នោតគាំទ្រជាង១ពាន់ ២រយសម្លេង។

លោកអ៊ុង ឫទ្ធីបានទទួលសម្លេងគាំទ្រប្រហែល១ពាន់៥០សម្លេង។

រីឯលោកសែម មាសទទួលបានសំឡេងគាំទ្រជាង៣រយសម្លេង។

លោកមុំ រ៉ាឌី ដែលទទួលមានជ័យជំនះនៅក្នុងការបោះឆ្នោតនៅពេលនេះធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាដើម្បីជួបជាមួយ លោកហ៊ុន សែន ហើយបានសរសើររបបរបស់លោកហ៊ុន សែន ថា បានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពប្រកបដោយការអភិវឌ្ឍ។

វត្តមានរបស់លោកមុំ រ៉ាឌីជាមួយលោកហ៊ុន សែន នៅពេលនោះ បាននាំឲ្យមានការរិះគន់ជាខ្លាំងពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលថា លោកមុំ រ៉ាឌី មិនបានលើកឡើងអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសនោះឡើយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.