អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​ចំនួន​៧​នាក់​​មក​កម្ពុជា​វិញ​ពីបទ​​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់

អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់​ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ក្រោយពី​ពួកគេ​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​២​ឆ្នាំ ​ពីបទ​ឆ្លងដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ។​ ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​អាន​សេះ ​ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ។​

សារ​ព័ត៌មាន​The Bangkok Post​បាន​ចុះផ្សាយ​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់​ នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៦​កន្លង​ទៅ​ ស្ថិត​ក្នុង​ស្រុក​ណាំឃុន​ ខេត្ត​ឧប៊ុន​ ប្រទេស​ថៃ ​ពីបទ​លួចឆ្លង​ដែន​ខុស​ច្បាប់​ចូល​កាប់​ឈើ​គ្រញូង​នៅ​ជាប់​ស្រុក​ជាំក្សាន្ត ​ខេត្តព្រះ​វិហារ។

ពលរដ្ឋ​ខ្មែរ​ទាំង​៧​នាក់ ​មាន​ឈ្មោះ ​សូ រ៉ន​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​  ទី២​ ឈ្មោះ ​កែវ យុទ្ធ ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទី៣​ឈ្មោះ ​ខន ភីអិច​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​  ទី៤​ ឈ្មោះ​អៀង ឯក​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​  ទី៥​ ឈ្នោះ​ យ៉ន រីម​សុខ​ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​អ្នក​ទាំង​៥​នេះ ​រស់​នៅ ​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារទី៦​ ឈ្មោះ​ យាង កែន ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ហើយ​ទី​៧ ​ឈ្មោះ​ទិត្យ សៀ ​ភេទប្រុស​ អាយុ​៣៤​ឆ្នាំ។​​ពួក​គេ​ទាំង​ពីរ​រស់​នៅ​ស្រុក​ឆែប ​ខេត្ត​ព្រះ​វិហារ។​

រហូត​មក​ទល់​ពេល​នេះ ​សមត្ថ​កិច្ច​ខ្មែរ​បាន​ឱ្យ​អ្នក​ទាំង​៧ ​វិល​ត្រឡប់​ទៅ​ផ្ទះវិញ​រៀងៗ​ខ្លួន ​ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​ណែនាំ​រួច៕​​

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.