អ៊ីរ៉ង់ព្រមានសងសឹងអង់គ្លេសខណៈអាមេរិកសន្យាវាយបង្ក្រាបអ៊ីរ៉ង់

ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា នៅតែធ្ងន់ធ្ងរដដែល ទោះជាអ៊ីរ៉ង់រងសម្ពាធ កាន់តែខ្លាំងនៃដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ 

មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃប្រទេសអ៊ីរ៉ង់គឺលោកឧត្តមសេនីយ៍ Mohammad Hossein Baqeri នៅថ្ងៃអង្គារ ទី០៩ នេះ បានហៅការរឹបអូសកប៉ាល់ដឹកប្រេងរបស់ខ្លួនមួយគ្រឿងដោយកងទ័ពអង់គ្លេសថា ជាអំពើសងសឹករបស់អង់គ្លេសចំពោះការបាញ់ទម្លាក់យន្ដហោះដ្រូនរបស់អាមេរិក ហើយបានព្រមានតបវិញថាអ៊ីរ៉ង់ នឹងសងសឹកអង់គ្លេសនៅថ្ងៃណាមួយពុំខាន។ លោកឧត្តមសេនីយ៍រូបនេះ បញ្ជាក់ទៀតថា កងទ័ពអ៊ីរ៉ង់បានត្រៀមខ្លួនរួចហើយ ក្នុងការវាយបកទៅលើសត្រូវរបស់ខ្លួនទោះជាអង់គ្លេស ឬអាមេរិកក៏ដោយ។

កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍កន្លងទៅនេះ កងទ័ពម៉ារីនអង់គ្លេសបានរឹបអូសនាវាដឹកប្រេងរបស់អ៊ីរ៉ង់ មួយគ្រឿងនៅតំបន់ Gibraltar នៃដែនទឹកប្រទេសអេស្ប៉ាញ។ នាវាដឹកប្រេងរបស់អ៊ីរ៉ង់នេះមានឈ្មោះថា Grace 1 ដែលផ្ទុកប្រេងចំនុះ ៣រយពាន់ តោន ។

នាវានេះសំដៅទៅកាន់ប្រទេសស៊ីរ៊ីដែលត្រូវបានសហគមន៍អន្ដរជាតិហាមមិនឱ្យប្រទេសទាំងឡាយ យកប្រេងទៅចម្រាញ់នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមនោះ។ កងទ័ពម៉ារីនអង់គ្លេសបានរឹបអូសនាវានេះដោយចោទថា បានរំលោភច្បាប់អន្ដរជាតិ។ មកដល់ពេលនេះអង់គ្លេស នៅមិនទាន់ដោះលែងនាវា និងនាវិកចម្រុះជាតិសាសន៍ចំនួន              ២៨នាក់ ដែលរួមមានជនជាតិ ឥណ្ឌា ប៉ាគីស្ថាន និងជនជាតិអ៊ុយក្រែន ទាំងនោះនៅឡើយទេ។

ទីភ្នាក់ងារសាព័ត៌មានចិន ស៊ីនហួរ បានដកស្រង់សម្តីរបស់អនុប្រធានាធិបតីអាមេរិកចុះផ្សាយថា អាមេរិកនៅតែបន្ដគាបសង្កត់ដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់រហូតដល់ប្រទេសនេះយល់ព្រមរំលាយចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោកម៉ៃ ផេន (Mike Pence) ព្រមានថា ប្រជាជនអាមេរិកមិនអត់អោន ឱ្យប្រទេសអ៊ីរ៉ង់នៅឡើយទេ ដោយសារប្រទេសនេះបានបំផ្លាញផលប្រយោជន៍អាមេរិកយ៉ាងធំធេង។ លោកបន្តថាកងទ័ពអាមេរិកបានឈរជើងនៅមជ្ឈឹមបូព៌ារួចហើយគឺដើម្បីការពារអត្ថប្រយោជន៍អាមេរិកនិងប្រជាជននៅតំបន់នោះ។ ប្រតិកម្មរបស់លោកម៉ៃ ផេន  (Mike Pence)ធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ បានប្រកាសថាខ្លួននឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមបន្ដទៀតទោះជារំលោភលើកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរក៏ដោយ។

រហូតមកទល់ពេលនេះ ប្រទេសអ៊ីរ៉ង់បានធ្លាក់ចូលក្នុងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកធ្ងន់ធ្ងរ ដោយសារ អ៊ីរ៉ង់ បានរំលោភ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

ទណ្ឌកម្មនេះ សហរដ្ឋអាមេរិកក៏បានព្រមានប្រទេសផ្សេងៗទៀត ឱ្យបញ្ឈប់ទំនាក់ទំនងជំនួញប្រេងជាមួយអ៊ីរ៉ង់។ យ៉ាងណាក៏ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ អះអាងថាខ្លួនសន្យាថានឹងនៅតែមានទំនាក់ទំនងប្រេងជាមួយអ៊ីរ៉ង់ទោះបីជាអ៊ីរ៉ង់ ត្រូវបានបង្ខំឱ្យគោរពការដាក់ទណ្ឌកម្មរបស់អាមេរិកយ៉ាងណាក៏ដោយ៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.