អ្នកឃ្លាំមើលព្រមានថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះធ្ងន់ធ្ងរប្រសិនបើ រដ្ឋាភិបាលនៅតែធ្វើឲ្យពលរដ្ឋគ្មានជំនឿ

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងថាអភិបាលកិច្ចនៅកម្ពុជានៅមិនទាន់មានជំនឿទុកចិត្តពីមហាជននៅឡើយ ជាពិសេសការសំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការសម្បទានដីធ្លី ព្រៃឈើ និងធនរ៉ែ ទៅឲ្យបរទេសដោយមិនបានឈរលើគោលការណ៍អភិបាលកិច្ចល្អដែលនាំឲ្យពលរដ្ឋនៅតែរងគ្រោះ និងរងការប៉ះទង្គិចពីការសំរេចចិត្តរបស់រដ្ឋាភិបាល។

ការអះអាងរបស់លោក សន ជ័យ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន  ថ្លែងចំពោះមុខថ្នាក់ដឹកនាំនគរបាលគ្រប់ជាន់ថ្នាក់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាយនគរបាលបន្តវេន នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាខេត្តកណ្ដាលថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមិនរក្សាលំនឹងបាន៧ភាគរយទេ បើសិនជាអភិបាលកិច្ចស្មោកគ្រោក។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំងហើយអាចនាំឲ្យសង្គមទាំងមូល ជួបមហាគ្រោះដ៏ធំតាមរយៈការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមអឺរ៉ុប គឺ EBA និងប្រព័ន្ធអនុគ្រោះព័ន្ធរបស់អាមេរិក GSP ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោះលែងរាល់អ្នកទោសនយោបាយ អនុញ្ញាតឲ្យគណបក្ស៎សង្គ្រោះជាតិរស់ឡើងវិញ លើកទោសលោក សមរង្ស៊ី អតីប្រធានគណបក្សសង្គ្រោះជាតិ និងមិនព្រមបើកឲ្យមានលំហរនយោបាយដូចដើមទេនោះ។

របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករកាលពីខែមេសាកន្លងមកថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនប្រមាណ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ និង ៦,៨ ភាគរយនៅឆ្នាំ២០២០។ ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា ក្នុងឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្ម, ទេសចរណ៍ និងវិស័យកសិកម្ម របស់កម្ពុជា នឹងថយចុះជាងឆ្នាំមុន៕

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.