អ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលីផ្ញើលិខិតសុំទោសលោកហ៊ុន សែនដើម្បីបាននៅក្រៅឃុំ

អ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលីផ្ញើលិខិតសុំទោសលោកហ៊ុន សែនដើម្បីបាននៅក្រៅឃុំ អ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលី ដែលកំពុងជាប់ឃុំបានដាក់លិខិតសុំទោសលោកហ៊ុន សែនតាមរយៈអ្នកបកប្រែរបស់លោក ដើម្បីអាចបាននៅក្រៅឃុំវិញ។

ការដាក់លិខិតសុំទោសលោកហ៊ុន សែនរបស់អ្នកថតខ្សែវីដេអូ ឯកសារជនជាតិអូស្រ្តាលីវ័យ៦៩ឆ្នាំរូបនេះ ធ្វើឡើងនៅមុនពេលសាលាដំបូងរាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្ដីរូបលោកនៅពេលឆាប់ៗខាងមុខនេះ។

មេធាវីការពារក្ដីលោកJamed Ricketson អ្នកស្រីពឹង យក់ហៀបបានប្រាប់សារព័ត៌មានក្នុងស្រុកថា កូនក្ដីរបស់អ្នកស្រីបានដាក់លិខិតសុំទោសលោកហ៊ុន សែនកាលពីថ្ងៃទី១១ខែកក្កដានេះតាមរយៈអ្នកបកប្រែរបស់លោក។

អ្នកស្រីអះអាងថា ការដាក់លិខិតសុំទោសនេះជាសិទ្ធិរបស់កូនក្ដីអ្នកស្រី។

លិខិតនោះមានខ្លឹមសារថា លោកសូមអភ័យទោស ចំពោះកំហុសឆ្គងរបស់លោក ហើយប្រសិនបើមានអ្វីដែលលោកអាចធ្វើបានដើម្បីលុបលាងកំហុសរបស់លោកនោះសូមប្រាប់លោកមកចុះ ដើម្បីអាចឲ្យលោកធ្វើសម្រាប់លោកនាយករដ្ឋមន្រ្តី និងប្រទេសកម្ពុជា។

ជាងនេះទៅទៀតលោកសូមអរគុណទុកជាមុនចំពោះការអនុគ្រោះ ដល់លោកដែលជាជនបរទេស មិនមានការយល់ដឹងច្បាស់លាស់អំពីកម្ពុជា។

លោក Jamed Ricketson ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ដោយសារតែ លោកបានបង្ហោះដ្រូន ថតក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៧ក្នុងទីក្រុងភ្នំពេញ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.