អ្នក​កាសែត​កម្ពុជា​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក​លើ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរីពីរ​រូប​

ក្រុម​អ្នក​សារ​ព័ត៌មាន​មក​ពី​ស្ថាប័ន​មួយ​ចំនួន​ ទទូច​ជា​ថ្មីទៀត​ឱ្យ​តុលាការ​គ្រប់ជាន់​ថ្នាក់​បញ្ចប់​ការ​ចោទ​ប្រកាន់​ និង​ការ​ឃ្លាំមើល​តាម​ផ្លូវ​តុលាការ​យ៉ាង​តឹងរ៉ឹង​ទៅលើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​ គឺ​លោក​អ៊ួន ឈិន ​និង​លោក​យាង សុធារិន្ទ។​

លិខិត​ចំហ​របស់​ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អំពាវនាវ​ជាថ្មី​ទៀត​ ឱ្យ​តុលាការ​គ្រប់ជាន់​ថ្នាក់​បញ្ចប់​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ លោក​​អ៊ួន ឈិន ​និង​ លោក​ យាង​ សុធារិន្ទ​ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​លើ​ពួកគេ។​

លិខិត​ដដែល​ហៅ​ការ​ដោះលែង​អ្នក​ទាំង​ពីរ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ហើយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ នេះ​កំពុង​ធ្វើឱ្យ​ពួកគេ​មិន​អាច​បំពេញ​ការងារ​ជា​អ្នក​កាសែត​ និង​ពិបាក​រក​ការងារ​ផ្សេង​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​បន្ត​ទៀត​ជាដើម។​

លោក​កែវ វន្នី ​ដែល​មេធាវី​ការពារ​ក្តី​ឱ្យ​អ្នក​ទាំង​ពីរ​នាក់ ​ឲ្យ​ដឹង​ថា ​ លោក​បាន​ដាក់​ពាក្យ​ស្នើសុំ​ឱ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បិទ​បញ្ចប់​ការ​ស៊ើប​សួរ​លើ​កូន​ក្តី​របស់​លោក​តទៅ​​ទៀត​និង​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​មក​លើកូន​ក្តី​របស់​លោក​ផង​ដែរ។​

អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ លោក​ អ៊ួន ឈិន ​និង​ លោក​ យាង សុធារិន្ទ​ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី ​១៤​ វិច្ឆិកា ​២០១៧​ ពីបទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​បង្ក​អន្ត​រាយ​ដល់​កិច្ច​ការពារ​ជាតិ។​ ៩ខែ​ក្រោយ​មក​ពួក​គេ​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាលពី​ខែ​សីហា​២០១៨។​

ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​មួយ​ដ៏​ធ្ងន់ធ្ងរ​នេះ​កំពុង​បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នក​សារ​ព័ត៌​ដ​ទៃ​ទៀត​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​នេះ។​ ពួកគេ​អះអាង​ថា​ ការ​រឹតត្បិត​សេរីភាព​របស់​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ​នឹង​កាន់តែ​បង្ហាញ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ៕​

© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.