ប្រធានាធិបតីអាមេរិកក្នុងសង្គ្រាមត្រជាក់បានទទួលមរណភាពដោយជរាពាធ

ប្រធានាធិបតីអាមេរិកក្នុងសង្គ្រាមត្រជាក់បានទទួលមរណភាពដោយជរាពាធ ក្រុមគ្រួសាររបស់លោកលោក George Herbert Walker Bush កាលពីថ្ងៃសុក្រ អះអាងថា លោកអតីតប្រធានាធិបតីទី៤១បានទទួលមរណភាព កាលពីល្ងាចថ្ងៃសុក្រទី៣០ខែវិច្ឆិកា ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

ប្រធានាធិបតីអាមេរិកទី៤១ រូបនេះមានកូនប្រាំនាក់ ចៅ១៧នាក់ និងចៅទួតចំនួន៨នាក់។ លោកGeorge HW Bush កាន់តំណែងជាប្រធានាធិបតីពីឆ្នាំ១៩៨៩ដល់១៩៩៣។ លោកជាឪពុករបស់លោកGoerge W Bushប្រធានាធិបតីទី៤៣របស់អាមេរិក។

ក្នុងអាណត្តិជាប្រធានាធិបតីពីខាងគណបក្សសាធារណរដ្ឋ លោកGeorge HW Bushបានដឹកនាំនយោបាយការបរទេស កៀងគរសម្ព័ន្ធមិត្តប្រកួតប្រជែងក្នុងសង្គ្រាមត្រជាក់ ហើយបានទទួលជ័យជម្នះ លើក្រុមប្រទេសកុម្មុយនីស្តដឹកនាំដោយសហភាពសូវៀតនៅឆ្នាំ១៩៨៩។ បន្ទាប់មកនៅឆ្នាំ១៩៩១ លោកបានចាប់ផ្តើមប្រមូលកម្លាំងសម្ព័ន្ធមិត្តប្រឆាំងមេដឹកនាំអ៊ីរ៉ាក់លោកSaddam Husseinថែមទៀត។ លោកGeorge HW Bush បានកាន់តំណែងតែមួយអាណត្តិប៉ុណ្ណោះដោយសារសេដ្ឋកិច្ចរបស់អាមេរិកនៅពេលនោះចុះខ្សោយជាខ្លាំង ដែលនាំឲ្យយុទ្ធនាការបោះឆ្នោតសម្រាប់អាណត្តិទី២របស់លោកនៅឆ្នាំ១៩៩២ត្រូវបរាជ័យ ហើយប្រធានាធិបតីដែលឈ្នះការបោះឆ្នោតនៅពេលនោះគឺលោកBill Clinton ពីខាងគណបក្សប្រជាធិបតេយ្យ។

បណ្តាប្រទេសជាច្រើនលើពិភពលោកបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោកប្រធានាធិបតីGeorge HW Bush ប៉ុន្តែរហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលកម្ពុជាផ្ញើរសាររំលែកទុក្ខទៅកាន់គ្រួសាររបស់លោក Bushនៅឡើយទេ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.